ក្រសួងការងារឲ្យពលករខ្មែរទាំងក្នុង-ក្រៅប្រទេសបន្តថែទាំសុខភាព និងអនុវត្តតាមការណែនាំរបស់ប្រទេសដែលខ្លួនកំពុងធ្វើការ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេ ចក្ដីណែនាំ ស្ដីពី ការការពារសុខភាព និងជីវភាពរបស់ពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅបរទេស ឬបានវិលត្រឡប់មកភូមិកំណើតវិញ ក្នុងអំឡុងពេលការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។
តាមរយៈសេចក្ដីណែនាំ ក្រសួងបានណែនាំដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស ត្រូវអនុវត្តតាមច្បាប់ បទបញ្ជា និងវិធានការសុខភាពនានាដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដែលកំពុងធ្វើការ។ ពលករខ្មែរត្រូវអនុវត្តតាមការណែនាំ ឬសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសដែលខ្លួនកំពុងធ្វើការ។
ក្រសួងណែនាំបន្ថែមទៀតថា ពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស ក៏ត្រូវខិតខំបំពេញការងាររបស់ខ្លួនតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងនិយោជករបស់ខ្លួន និងត្រូវទាក់ទងទៅស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ក្នុងករណីមានបញ្ហា។
ដោយឡែកសម្រាប់ពលករខ្មែរ ដែលបានវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ក្រសួងណែនាំឲ្យអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនគោក និងអាកាស ដើម្បីអនុវត្តវិធានការត្រួតពិនិត្យសុខភាព និងចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅពេលទៅដល់ស្រុកកំណើតវិញ ស្របតាមនីតិវិធីដែលកំណត់ដោយក្រសួងសុខាភិបាល និងក្រុមការងាររាជធានី-ខេត្តនៃក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ សម្រាប់ពលករដែលមានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានសេវាអន្តរាគមន៍។ ករណីមានបំណងស្វែងរកការងារថ្មីធ្វើ ត្រូវទាក់ទងទៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលការងារ រាជធានី-ខេត្ត ដើម្បីទទួលបានព័ត៌មានការងារ។
លើសពីនេះ ក្រសួងណែនាំឲ្យពលករខ្មែរ ដែលបានវិលត្រឡប់មកប្រទេសកំណើតវិញ គួរចូលរួមជួយក្រុមគ្រួសារ ដើម្បីធ្វើស្រែចំការ ដាំដុះ និងរបរកសិកម្មផ្សេងៗ ក្នុងអំឡុងពេលរងចាំស្វែងរកការងារថ្មីនៅក្នុងស្រុក ឬចង់វិលត្រឡប់ទៅក្រៅប្រទេសវិញ៕SP